ព័ត៌មានជាតិ

លោក ឃួង ស្រេង អំពាវនាវ ឱ្យកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋ នៅជួរក្រោយ រួមគ្នាការពារសន្តិភាព

ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវ ឱ្យបងប្អូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋ នៅជួរក្រោយ រួមគ្នាការពារសន្តិភាព ឱ្យបានគង់វង្ស ។

ការអំពាវនាវខាងលើនេះ ធ្វើឡើងក្នុងឱកាស លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ដឹកនាំប្រតិភូ សាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួម ក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃ ពួកជ្រុលនិយម។ តែមិនមែន មានន័យថា ឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ គឺនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែអភិវឌ្ឍដោយខ្លួនឯង ។

ជាងនេះ លោក ឃួង ស្រេង សង្កត់ធ្ងន់ថា ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដី អោយបានរឹងមាំ។

លោក ឃួង ស្រេង ក៏បានលើកឡើង ពីការលះបង់គ្រប់យ៉ាង របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីប្តូរប្រទេសកម្ពុជា ពីប្រទេសដែលមានសង្គ្រាមកាប់ សម្លាប់ពូជសាសន៍ឯង មកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍ តែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាល ក៏មានការអភិវឌ្ឍរីកចំរើនដែរ ។ នេះដោយសារតែប្រទេសមាន សន្តិភាពពេញលេញ។

ក្នុងនោះ លោក ឃួង ស្រេង បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់ ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិ យ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងទ័ពដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយ ដល់បងប្អូនកងទ័ព ក្នុងឱកាសបុណ្យភ្ញុំបិណ្ឌ៕

To Top