ព័ត៌មានជាតិ

មន្ទីរការងារ គ្រឹះស្ថានអប់រំ​ បណ្ដុះបណ្តាល បច្ចេកទេស រួមនិងសហគ្រាស គ្រឹះស្ថាននៅទូទាំងប្រទេស រៀបចំប្រារព្ធទិវាសម្អាត ពិភពលោកលើកទី៧

ភ្នំពេញ ៖ នាចុងសប្តាហ៍កន្លងទៅនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានប្រារព្វទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day)​ ដើម្បីរួមចំណែកជាមួយពិភពលោក ក្នុងការសម្អាតបរិស្ថាន លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅប្រទេសកម្ពុជា។

លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, រួមនិងសហគ្រាស គ្រឹះស្ថានានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្ម ក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោក លើកទី៧ (7th World Cleanup Day) ស្របទៅតាមការជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃប្រាព្វទិវាសម្អាតពិភពលោកលើកទី៧ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំទិវាសម្អាតពិភពលោក លើកទី៧ (7th World Cleanup Day) នេះគឺជាទិវាមួយដ៏ល្អប្រសើរមួយ ដែលផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និង បុគ្គលិក កម្មករនិយោជិត ចូលរួមដើម្បីបរិស្ថាននៅប្រទេសកម្ពុជា។ ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។

បើតាមលោករដ្ឋលេខាធិការ សម្រាប់ការរៀបចំប្រារព្វទិវានេះផងដែរ អាជ្ញាធរមូលដ្ឋាន ក៏បានសហការជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត រៀបចំទិវាសម្អាត ពិភពលោកលើកទី៧នេះ ដោយធ្វើអនាម័យសម្អាតសំរាម ដំណាលគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបានបរិស្ថាន និងបរិយាកាសនៅកន្លែង ធ្វើការស្អាត បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត និងបរិស្ថានបៃតង ៕

To Top