ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,១ រ៉ិចទ័រ វាយប្រហារមកលើឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញាណាបញ្ជាក់ថា មានរលកយក្សស៊ូណាមិ នៅឡើយទេ

AFP

ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះមានគ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានកើតឡើងនៅខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ដោយមិនបង្កឱ្យមានរលកធំៗកើតឡើងនោះទេ ។

ទីភ្នាក់ងារខាងលើបានរាយការណ៍មកថា គ្រោះរញ្ជួយបានកើតឡើងនៅម៉ោង២និង៥១នាទីព្រឹក ម៉ោងនៅក្រុងហ្សាការតា នៅថ្ងៃអង្គារនេះ ត្រូវនឹងម៉ោង១៩និង៥១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលចម្ងាយ៧៧គីឡូម៉ែត្រនៅភាគនិរតីនៃក្រុង Gorontalo និងមានជម្រៅ១៣២គីឡូម៉ែត្រពីបាតសមុទ្រ ។

ទីភ្នាក់ងារដដែលនេះបានចេញផ្សាយបឋម គឺថា គ្រោះរញ្ជួយដីមានកម្រិត៦,៤រ៉ិចទ័រ នឹងបានបន្ទាបកម្រិតរញ្ជួយដីនេះវិញ ហើយមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ព្រោះថា គ្រោះរញ្ជួយនឹងមិនបង្កជារលកធំៗកើតឡើងឡើយ ។

លោក Sembiring Hendri ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា គ្រោះរញ្ជួយដីបានធ្វើឲ្យមានអារម្មណ៍ថា រញ្ជួយយ៉ាងខ្លាំងដែលជំរុញឱ្យអ្នកស្រុកប្រញាប់ប្រញាល់ចេញទៅខាងក្រៅផ្ទះរបស់ពួកគេ ។ ទោះបីជាយ៉ាងនេះក្តី មិនមានការខូចខាតឬរងរបួសត្រូវបានគេរាយការណ៍មកឡើយ ។ លោកបានលើកឡើងទៀតថា ការវាយតម្លៃនៅតែកំពុងដំណើរការបន្តនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top