ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវឱ្យប្រជាជាតិខ្មែរទាំងមូល រួបរួមគ្នាគោរពច្បាប់រដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវប្រជាជាតិខ្មែរទាំងមូល ប្រកាន់យកជានិច្ចនូវស្មារតី ខ្មែររួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។

ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលបញ្ជាក់ថា ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង ៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយ ឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ ដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។

ព្រះមហាក្សត្រ មានព្រះបន្ទូល បន្ដថា សមិទ្ធផល ធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។

ព្រះមហាក្សត្រ មានព្រះបន្ទូលថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រូបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគត រុងរឿងនៃប្រជាជាតិយើង»៕

To Top