ព័ត៌មានជាតិ

ទូតកូរ៉េ ថ្លែងអំណរគុណនគរបាលកម្ពុជា តែងតែផ្តល់កិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត

ភ្នំពេញ ៖ លោកបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែផ្តល់កិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរ វិនិយោគិនកូរ៉េនៅកម្ពុជា។

ការលើកឡើងរបស់ លោកបណ្ឌិត Park Jung-Wook ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ លោកបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ជូន លោកបណ្ឌិត Park Jung-Wook អំពីការផ្តល់អាទិភាពក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេសទាំងអស់ដែលមានវត្តមានៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋកូរ៉េផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ ជាពិសេសការគាំទ្រជួយគ្នាទៅវិញទៅមកលើការបំពាក់ឧបករណ៍ សម្ភារៈ បច្ចេកទេសសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី៕

To Top