ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាព​ នេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ!

កំពង់ធំ÷ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីព្រមទាំងប្រត្តិភូអមដំណើរ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹក បឹងទន្លេសាប នារដូវបិទនេសាទ និងពិនិត្យមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះដែរ លោក អភិបាលខេត្តកំពង់ធំ បានកោតសរសើរ ដល់ក្រុមការងារ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជា ទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ ធ្វើយ៉ាងណាត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យបាន ជាពិសេសបទល្មើសធំៗ ដែលតែងតែកើតនៅលើផ្ទៃបឹង ទន្លេសាបនៅរដូវត្រីពងកូននេះ ។

នៅក្នុងបេសកកម្មនេះ លោក នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជា តំន់ចុងព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។

ជាចុងក្រោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអំពាវនាវ ដល់សហគមន៍នេសាទទាំងអស់ រួមទាំងអាជ្ញាធរពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយ ពីច្បាប់នេសាទ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ នៅរដូវបិទការនេសាទ និង រដូវត្រីដែលកំពុងតែលាក់ខ្លួនដើម្បី ពងកូន ៕
ដោយសំនៀង

To Top