បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបជាមួយប្រធានាធិបតីវៀតណាម លោក To Lam សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងមជ្ឈមណ្ឌលផលិតកម្ម និងប្រឆាំងនឹងទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសចិន និងរុស្ស៊ី។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden និងលោក Lam ដែលជាប្រធានបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីនោះ បានជួបប្រជុំគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីរបៀបបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។
ក្នុងជំនួបជាមួយលោក Biden កាលពីថ្ងៃពុធ លោក Lam បានសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Biden ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
លោក Biden បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងកាលពីឆ្នាំមុន ប្រទេសទាំងពីរបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងការផលិតគ្រឿងអេឡិកត្រូនិក និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខតាមអ៊ីនធឺណិត។
លោកក៏បាននិយាយផងដែរថា ពួកគេឈររួបរួមក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ ដែលជាការយោងទៅលើជម្លោះដែនសមុទ្រក្នុងតំបន់ជាមួយប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា លោក Lam បានប្រាប់លោក Biden ថា វៀតណាមកំពុងឈានទៅដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ថ្មី ហើយថាវាជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន៕
ប្រែសម្រួលៈ ណៃ តុលា