ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២ នាក់បន្ថែមទៀត លើស្រ្តីជាម្ដាយជនជាតិខ្មែរ និងកូនប្រុស អាយុ១២ឆ្នាំម្នាក់ នៅខេត្តសៀមរាប ដែលបានឆ្លងពីប្ដី ដែលត្រឡប់មកពីធ្វើពិធីសាសនា នៅប្រទេសម៉ាឡេស៊ីវិញ ខណៈបុរសរូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរ។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ស្រ្តីរូបនេះ ជាភរិយាបុរសអាយុ៤០ឆ្នាំ ដែលមានឆ្លងកូវីដ១៩ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនេះ ជាអ្នកដែលបានវិលត្រឡប់ មកពីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ។ បុគ្គលពីរនាក់ (ម្ដាយនិងកូន) ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ។រីឯកូន២នាក់ទៀត និងឪពុកក្មេក មានលទ្ធផលតេស្តអវិជ្ជមាន។
សេចក្ដីជូនព័ត៌មានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១០៩នាក់(ករណីថ្មី២) ហើយក្នុងនោះអ្នកជាសះស្បើយ មានចំនួន២៣នាក់ (ស្មើនឹង២១.១០% ធៀបនឹងចំនួន អ្នកផ្ទុកកូវីដ១៩ទាំងអស់) ដែលក្នុងនេះ មានបុរសជនជាតិចិន ១នាក់ ស្រ្តីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិបារាំង១នាក់ និងបុរសជនជាតិខ្មែរ១៨នាក់ ។
សេចក្ដីជូនព័ត៌មាន ឲ្យដឹងបន្ថែមថា អ្នកដែលកំពុងសម្រាកព្យាបាល មានចំនួន ៨៦នាក់ (ស្រ្តី២៨នាក់ និងបុរស៥៨នាក់) នៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកម្ពុជា បានរកឃើញ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកផ្ទុកកូវីដ១៩ ជាង៣រយនាក់ ខណៈអ្នកប៉ះពាល់ ដោយប្រយោល មានជាង១ពាន់នាក់៕ ដោយ៖ធី លីថូ