ភ្នំពេញ៖ បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើលនិងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។
លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។ នេះជាយន្តការដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជាជនកម្ពុជា និងជាអ្វីដែលប្រជាជនកម្ពុជាត្រូវការពីថ្នាក់ដឹកនាលោកបញ្ជាក់ថា៖«សម្តេចធិបតីមិនត្រឹមតែសន្យាប៉ុណ្ណោះទេ តែបានបង្ហាញការយកចិត្តទុក ដោយធ្វើសកម្មភាពផ្ទាល់ចុះមកពិនិត្យមើលការរៀបចំឡានក្រុង ជូនប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកលើសុវត្ថិភាពចរចរណ៍ផងដែរ»។
លោកបន្ថែមថា ភាពសាមញ្ញ ការយល់ច្បាស់ពីតម្រូវការប្រជាពលរដ្ឋ កាយវិការពោរពេញដោយភាពរួសរាញរាក់ទាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងបងប្អូនកម្មករមានភាពកក់ក្តៅ សុវត្ថិភាព និងជឿជាក់ជាខ្លាំងលើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាននិយាយថា ភាពសាមញ្ញរបស់សម្តេចធិបតីបានបង្ហាញពីភាពយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ សុខទុក្ខកម្មករនិយោជិត គ្រប់ពេលវេលា ជាក់ស្តែងការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺជាការសម្រួលឱ្យពួកគាត់មានសុវត្ថិភាព និងកាត់បន្ថយចំណាយធ្វើដំណើរ។
លោកថ្លែងថា៖«ក្នុងនាមសហជីពយើងខ្ញុំសាទរ និងគាំទ្រពេញទំហឹងចំពោះការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ពីភ្នំពេញទៅបណ្តាខេត្តនានាទាំងទៅទាំងមក»។
លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយសម្រួលបាននូវការកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្តល់សេវារថយន្តក្រុងធ្វើដំណើរឥតគិតថ្លៃនេះ ផងដែរ៕