ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍ថា ប្រទេសវៀតណាមរកចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក ពីការនាំចេញម្រេច ២០៣,០០០តោន ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ៤៦,៩ភាគរយនៃតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងខែកញ្ញាតែមួយ ការនាំចេញម្រេចរបស់ប្រទេសបានកើនឡើងដល់ ១២៥ លានដុល្លារ ជាមួយនឹងតម្លៃនាំចេញជាមធ្យម ៥,២៣៩ដុល្លារក្នុងមួយតោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។
អ្នកជំនាញបានព្យាករថា តម្លៃម្រេចក្នុងស្រុកទំនងជាបន្តនិន្នាការ ឡើងថ្លៃចំពេលមានកំណើនតម្រូវការសម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខ។
VnExpress បានរាយការណ៍ថា ក្នុងរយៈពេលវែង ទិន្នផលម្រេចរបស់វៀតណាម ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងឆ្នាំ២០២៥ ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួត។
យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាមបានឱ្យដឹងថា ប្រាក់ចំណូលនាំចេញម្រេចរបស់វៀតណាមឈានដល់ ៩១២លានដុល្លារកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា