ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ក្រុម​ហាម៉ាស់​ម្នាក់​ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ​នៅ​លីបង់

យេរ៉ូសាឡឹម៖​ អ៊ីស្រាអែល​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ពី​ការ​សម្លាប់​លោក Fateh Sherif មេដឹកនាំ​ក្រុម​ហាម៉ាស់​ ​ក្នុង​ប្រទេស​លីបង់ អំឡុង​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

សេចក្តីថ្លែងការណ៍រួមរបស់យោធាអ៊ីស្រាអែល និង Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បានបង្ហាញថា កងកម្លាំងអាកាសអ៊ីស្រាអែលបានកំណត់គោលដៅលើលោក Sherif ដោយលើកឡើងពីតួនាទីរបស់លោក​ ក្នុងការសម្របសម្រួលសកម្មភាពយោធា និងនយោបាយរបស់ក្រុមហាម៉ាស់​ នៅក្នុងប្រទេសលីបង់ រួមទាំងការជ្រើសរើស ការទិញអាវុធ និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមក្នុងតំបន់។ សេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីការចូលរួមរបស់លោក​ Sherif ក្នុងការសម្របសម្រួលជាមួយក្រុមហេសបូឡា។

យោងតាមប្រភពយោធាលីបង់ លោក Sherif ត្រូវបានសម្លាប់ជាមួយប្រពន្ធ និងកូនប្រុសពីរនាក់ក្នុងអំឡុងពេលការវាយប្រហារលើផ្ទះរបស់ពួកគេនៅក្នុងជំរុំ Rashidieh កាលពីព្រឹកថ្ងៃចន្ទ។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថា ប្រតិបត្តិការនេះបានកំណត់គោលដៅដំបូងនៃជំរុំចាប់តាំងពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានសម្តែងថា លោក​ Sherif បានចូលរួមជាមួយ “មេដឹកនាំ និងទុក្ករបុគ្គល​ ដែលនាំមុខលោក” ដោយគោរពការប្តេជ្ញាចិត្តរបស់លោក​ ចំពោះបុព្វហេតុប៉ាឡេស្ទីន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top