បរទេស៖ យន្តហោះ Boeing ដែលដឹកអ្នកដំណើរជិត ២០០ នាក់ នៅលើយន្តហោះ ត្រូវបានជម្លៀសចេញ នៅក្នុងប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអណ្តាតភ្លើង ត្រូវបានគេឃើញបាញ់ចេញពីម៉ាស៊ីន។
យោងតាមសារព័ត៌មាន The New York Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យ ត្រូវបានគេហៅ ទៅកាន់អាកាសយានដ្ឋាន Brindisi ខណៈដែលផ្សែងត្រូវបានគេប្រទះ ឃើញនៅ ខាងក្រៅយន្តហោះ Ryanair មុនពេលហោះឡើង ជាមួយនឹងរូបថតបង្ហាញពីអណ្តាតភ្លើងជុំវិញម៉ាស៊ីនខាងឆ្វេង។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរទាំងអស់ ១៨៤ នាក់នៅលើយន្តហោះ Boeing 737 ត្រូវបានជម្លៀសចេញពីយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍ Ryanair បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជើងហោះហើរ FR8826 ពី Brindisi ទៅកាន់ទីក្រុង Turin ត្រូវបានពន្យារពេលនៅព្រឹកនេះ បន្ទាប់ពីបុគ្គលិកសង្កេតឃើញ មានផ្សែងនៅខាងក្រៅយន្តហោះ” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឱ្យដឹងថា អាកាសយានដ្ឋានបាននិយាយថា ការបិទគឺ “ចាំបាច់” សម្រាប់សុវត្ថិភាពរបស់អ្នកធ្វើដំណើរ ។
ផ្នែកអាកាសយានដ្ឋានបាននិយាយថា “បញ្ហាដែលបានកើតឡើង នៅពេលដែលយន្តហោះ ត្រូវបានត្រៀម សម្រាប់ការហោះឡើង ហើយនឹងតម្រូវឱ្យមានការជម្លៀស អ្នកដំណើរលោតចុះតាមតាមរយៈស្លាយរំកិលសង្គ្រោះបន្ទាន់” ៕
ប្រែសម្រួលៈ ណៃ តុលា