បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេស មានសេដ្ឋកិច្ចខ្លាំងៗ ជួយប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីឱ្យប្រទេសទាំងនោះ ជៀសវាងពីការរាតត្បាតដោយ ផលប៉ះពាល់នៃវីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន GCTN ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus ប្រធាន WHO បាននិយាយថាប្រទេសអ្នកមានត្រូវបង្កើនផលិតកម្មនៃ ផលិតផលសុខភាពសំខាន់ៗរបស់ខ្លួន និងដើម្បីធានាបាននូវការចែកចាយ ដោយយុត្តិធម៌ទូទាំងពិភពលោកដោយផ្អែកលើតម្រូវការ។
នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ លោក Ghebreyesus បាននិយាយថា “ការយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានផ្តល់ជូន ដល់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យម នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន” ។
លើសពីនេះទៀត អង្គការសុខភាពពិភពលោក ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូជាច្រើន ដើម្បីបង្កើនការទទួលបាន ផលិតផលសង្គ្រោះជីវិតយ៉ាងច្រើន រាប់បញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ, ឧបករណ៍ PPE [ឧបករណ៍ការពារផ្ទាល់ខ្លួន] អុកស៊ីសែនវេជ្ជសាស្ត្រ បំពង់ខ្យល់ និងសម្ភារៈជាច្រើនទៀត៕
ប្រែសម្រួលៈ ណៃ តុលា