ព័ត៌មានជាតិ

កម្ពុជា ទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជា ពឹងដង្ហើមគេដកនោះទេ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ការទិញភ្លើងពីបរទេស មិនមែនមានន័យថា «កម្ពុជា ពឹងដង្ហើមគេដកនោះទេ» គឺដើម្បីបំពេញបន្ថែម សម្រាប់បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្ត របស់ប្រទេស។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី កែវ រតនៈ នាឱកាសអញ្ជើញផ្តល់កិច្ចសន្ទនាដល់អ្នកសារព័ត៌មាន និងនិស្សិត មកពីស្ថាប័នឧត្ដមសិក្សាសំខាន់ៗ នៃរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីចែករំលែកព័ត៌មានចុងក្រោយស្តីពី «ការវិវត្តវិស័យថាមពលនៅកម្ពុជា តំបន់អាស៊ាន និងពិភពលោក»។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «មិនមែនមានន័យថា ការទិញភ្លើងពីបរទេស គឺជាការពឹងដង្ហើម គេដកនោះទេ គឺជាការបំពេញបន្ថែម ដើម្បីផលប្រយោជន៍យុទ្ធសាស្ដ្រ របស់យើង។ អញ្ចឹងហើយបានជារដ្ឋាភិបាលពីអាណត្តិចាស់ រហូតដល់អាណត្តិដល់ឥឡូវនេះ គឺការនាំចូលរួមពី វៀតណាម ថៃ ឡាវ ក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការ គឺយើងមិនដែលឱ្យលើសពី ៣០%ទេ មានន័យថា ការទិញមក ដើម្បីបំពេញបន្ថែម»។

លោករដ្ឋមន្ដ្រី ពន្យល់ថា ការទិញភ្លើងពីបរទេសនេះ គឺជាការបំពេញបន្ថែម ដើម្បីឱ្យកម្ពុជាមានថាមពលភាគច្រើន នៅក្នុងដៃរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិសុខថាមពល របស់ជាតិខ្មែរ ខណៈបណ្ដាប្រទេសនានា ក៏ទិញភ្លើងដូចកម្ពុជាដែរ។ ជាក់ស្តែង វៀតណាម កំពុងលក់ភ្លើងជាង ២០០មេហ្គាវ៉ាត់ ឱ្យកម្ពុជា ប៉ុន្តែវៀតណាម ក៏កំពុងទិញភ្លើងជាង ៦០០មេហ្គាវ៉ាត់ពីចិន និងរាប់ពាន់មេហ្គាវ៉ាត់ពីឡាវផងដែរ។ ដោយឡែក ថៃ វិញ កំពុងលក់ភ្លើងតិចតួចឱ្យកម្ពុជា ក៏កំពុងទិញភ្លើងរាប់ពាន់មេហ្គាវ៉ាត់ ពីឡាវ ផងដែរ។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា «ដូច្នេះការទិញទៅវិញទៅមក ដើម្បីបំពេញបន្ថែមផលប្រយោជន៍ យុទ្ធសាស្រ្តរបស់ប្រទេស គឺជាផលចំណេញដែលគេធ្វើទូទាំងពិភពលោក មិនមែនតែកម្ពុជាយើងនោះទេ»៕

To Top