ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំដាក់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡង មធ្យមសិក្សាទុតិយភូមិ

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ដើម្បីដាក់វិធានការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅតាមមណ្ឌលប្រឡង ក្នុងក្របខណ្ឌខេត្តកំពង់ចាម ។

កិច្ចប្រជុំនោះ ធ្វើឡើងរសៀលថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៤ ក្រោមអធិបតី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានយកឱកាសនោះ ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវមានមុខនៅតាមមណ្ឌលប្រលង នៅថ្ងៃទី៨ តុលានេះ សូមឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ជួយសម្របសម្រួល និងដោះស្រាយការកកស្ទះចរាចរណ៌ ដោយប្រើប្រាស់កម្លាំង អន្តរាគមន៍របស់អាជ្ញាធរ ដើម្បីជួយសម្របសម្រួល នៅពេលកកស្ទះតាមដងផ្លូវ ធ្វើយ៉ាងណាឲ្យបេក្ខជន ទៅប្រឡងឧ្យបានទាន់ពេលវេលា ។

លោកអភិបាកខេត្តបន្តទៀតថា ដើម្បីជួយសម្រួល ដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗ បេក្ខជនប្រឡង មកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង-ស្រុក ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ និងធ្វើសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗ ជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខាន ដល់មណ្ឌលប្រឡងនោះទេ។ ម្យ៉ាងវិញទៀតចំពោះសិស្សក្រីក្រ ដែលមិនមានលទ្ធភាព មកប្រឡងបាក់ឌុប អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅ ឲ្យបានសមរម្យ ចំពោះការផ្ញើកង់ឬម៉ូតូរបស់សិស្ស គឺមិនតម្រូវឲ្យយកលុយនោះទេ ។

ជាមួយគ្នានោះដែរ លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេសប្រចាំ ខេត្តកំពង់ចាម បានថ្លែងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប កាន់តែខិតឈានមកដល់ ក្រសួងអប់រំ បានបើកកិច្ចប្រជុំជាមួយគណៈមេប្រយោគ អភិបាលនៃគណៈអភិបាលខេត្ត ហើយក៏ដើម្បីរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៅតាមខេត្ត ។

លោករអនុដ្ឋលេខាធិការ បានបន្តថា ការបើកកិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួម ពីសំណាក់តំណាង អង្គភាព ប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំង ប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការ នៃការប្រឡងក្នុងខេត្ត ធ្វើយ៉ាងណា ឱ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយភាពរលូន៕

To Top