ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ បេក្ខជនប្រឡង មិនត្រូវយកឧបករណ៍ អេឡិចត្រូនិក ឬសំណៅឯកសារផ្សេងៗ ចូលបន្ទប់

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អ មិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ ។

តាមរយៈសារជូនពរ និងផ្ដាំផ្ញើ ជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ សូមអំពាវនាវដល់ក្មួយៗជាបេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តិសកម្មភាព ផ្ទួយទៅនឹងបទបញ្ញត្តិ នៃការប្រឡងឡើយ»។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាអនាម័យ សុខភាពឲ្យបានល្អ ដោយត្រូវទទួលទាន ដំណេក និងអាហារបានគ្រប់គ្រាន់ ដើម្បីមានភាពក្លាហាន មានអារម្មណ៍នឹងនរ ប្រកដដោយភាពជឿជាក់ និងប្រុងប្រយ័ត្ន ក្នុងពេលប្រឡង។ ជាមួយគ្នានេះដែរ បេក្ខជនទាំងអស់ ក៏ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អផងដែរ។

សម្រាប់ការប្រឡងបាក់ឌុបនេះដែរ លោកឧបនាយក រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានជូនពរទៅដល់បេក្ខជន ប្រឡងទាំងអស់ ទទួលបានលទ្ធផលល្អ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែង តែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមាន បេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិត នៅរាជធានីភ្នំពេញ៕

To Top