ព័ត៌មានជាតិ

ដំរីព្រៃ ១ក្បាល បានប្រទះឃើញស្លាប់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោលចំនួន ១ក្បាល អាយុប្រហែល៣០ឆ្នាំ មានទម្ងន់ប្រមាណ ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ ក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុក តាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ក្រោយឃើញដំរីស្លាប់ហើយ មន្រ្តីជំនាញ បានសហការ ជាមួយមន្រ្តីអង្គការWCS និងអាជ្ញាធរមូលដ្ឋានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី នៅល្ងាចថ្ងៃទី៦ តុលា ដើម្បីធ្វើកោសលវិច័យដោយ ពីមន្រ្តីជំនាញពេទ្យសត្វ។

ដោយក្រុមការងារជំនាញ នៅលើទីតាំង បានសន្និដ្ឋាន ជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយ រយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុក បានប្រទះឃើញ និងបានរាយការណ៍ មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួន នៅតំបន់នេះ ម្តងមកហើយ កាលពីខែមេសា កន្លងទៅ ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានសម្ដែង ការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការ ស្លាប់ដំរី១ក្បាលនេះថា ជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ហ្វូងដំរីព្រៃឬដំរីអាស៊ី នៅតាមតំបន់ ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី បាន បង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើន ជាងបណ្តាឆ្នាំកន្លងទៅដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថាន បានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ ។

លោក ខ្វៃ អាទិត្យា ក៏បានជំរុញឲ្យមានការ ចូលរួមពង្រឹងកិច្ចសហការ ពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ ក្រៅពីជំរុញសកម្មភាព ការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឲ្យ កាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឲ្យមានការប្រមាញ់សត្វព្រៃជាចាំបាច់ និងជួយបង្កើន នូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម ។

សូមបញ្ជាក់ថា ដំរីព្រៃឬដំរីអាស៊ី គឺជាប្រភេទសត្វ ដែលស្ថិតនៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយ រងគ្រោះ ជិតផុតពូជនៅលើសកលលោក ។ ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ទៅ ៥០ ០០០ក្បាល ដែលកំពុង រស់នៅ ក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមក ដំរីអាស៊ីមានចំនួន ប្រមាណ ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិនៅ ។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណ ពី ៤០០ ទៅ ៦០០ក្បាល ដែលភាគ ច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាល អំណោយផល ដល់ការរស់នៅ របស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ៕

To Top