ភ្នំពេញ ៖ តបតាមការចាត់តាំង របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក ចាន់ សីហា អគ្គនាយករង និងលោក ពាំង ស៊ីផាត អនុប្រធាននាយកដ្ឋាន រដ្ឋបាលទូទៅ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខា សាលាផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន សារពើពន្ធ រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ។
សិក្ខាសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នីតិបុគ្គលសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន ២៥០ នាក់។
សិក្ខាសាលាថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់ចំនួន២ គឺ (១) ការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ និង(២) ការពង្រឹងការគ្រប់គ្រង សម្បទានគ្រប់គ្រងសេវាសាធារណៈ ៕