ភ្នំពេញ ៖ ក្នុងឱកាសប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់បេក្ខជនប្រឡងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានជូនពរក្មួយៗ ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមមានសុខភាពល្អ ការធ្វើដំណើរទៅមក ប្រកបដោយសុខសុវត្ថិភាព និងសូមឱ្យប្រឡងជាប់ ព្រមទាំងបាននិទ្ទេសល្អគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏សូមឱ្យក្មួយៗ ជាបេក្ខជនទាំងអស់ គោរពតាមគោលការណ៍ណែនាំ នានាពាក់ព័ន្ធនឹងការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទបញ្ជាផ្ទៃក្នុង ពិសេសលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស ទាំងនៅក្នុងនិងក្រៅបន្ទប់ប្រឡង ឱ្យបានត្រឹមត្រូវ ចៀសវាងការប្រព្រឹត្តខុសណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រឡងរបស់ក្មួយៗ។
ជាមួយគ្នានេះដែរ បេក្ខជនទាំងអស់ នៅពេលដែលទទួលបាននូវវិញ្ញាសាប្រឡង សូមកុំប្រញាប់ប្រញាល់ធ្វើចម្លើយ ត្រូវពិនិត្យ និងអានឱ្យបានយល់ច្បាស់ ចៀសវាងការយល់ច្រឡំ បណ្តាលឱ្យថ្លោះធ្លោយខុសចម្លើយ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ក្រដាសវិញ្ញាសា កុំឱ្យរហែក ឬប្រឡាក់ ដោយប្រកបណាមួយ។
ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ក្នុងការធ្វើដំណើរទៅមក ក៏សូមក្មួយៗបេក្ខជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវថែក្សាសុខភាព ឱ្យបានល្អ ចៀសវាងការគ្រោះថ្នាក់ ឬឈឺថ្កាត់ ដោយយថាហេតុណាមួយ។ សូមជូនពរក្មួយៗ បេក្ខជនទាំងអស់ ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា»។
សូមរំលឹកថា ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះ ឈ្មោះប្រឡង សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕