សំរោង-តាកែវ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចាត់តាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យដោយផ្ទាល់ នៅរោងសិប្បកម្ម ផលិតជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
មន្រ្តីជំនាញរួមមាន៖ លោក អំ ភិរម្យ និង លោក កន កុម្ភៈអនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម លោក ប៊ុន ច័ន្ទលីដា ប្រធានការិយាល័យគ្រប់គ្រងជីកសិកម្ម លោក សេង កៃណាំ មន្រ្តីការិយាល័យគ្រប់គ្រងជីកសិកម្ម និងលោក សី គីហេង មន្រ្តីការិយាល័យគ្រប់ជីកសិកម្ម។
ការចាត់តាំង បញ្ជួនមន្រ្តីជំនាញមកនេះ ធ្វើឡើងតាមសំណើររបស់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាស្ថាបនិកម្នាក់ ក្នុងសង្វាក់ផលិតកម្ម ជីសរីរាង្គព្រៃស្នួល ដោយមានលោកបណ្ឌិត ហេង ប៊ុនអ៊ី អតីតនិស្សិតខ្មែរ សិក្សានៅអតីតសហភាពសូវៀតជាអ្នកបច្ចេកទេស។
ការចុះមកត្រួតពិនិត្យផ្ទាល់នេះ ក្នុងគោលបំណងបំពេញបន្ថែម នូវចំណុចខ្វះខាតមួយចំនួន ឱ្យស្របតាមគោលការនិងស្ដង់ដារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មុននឹងឈានទៅរកការចែកជាផ្លូវការ នាថ្ងៃអនាគត។
នៅចំពោះមុខមន្រ្តីជំនាញខាងកសិកម្ម លោក សយ សុភាព បានបញ្ជាក់ពីគោលបំណង ក្នុងការចូលរួមចំណែកជួយដល់កសិករ តាមរយៈការផលិតជីសរីរាង្គព្រៃស្នួល ហើយក៏សុំការលើកទឹកចិត្ត និងសម្របសម្រួលពីខាងក្រសួងកសិកម្មផងដែរ។
បើតាមលោក សយ សុភាព បានឱ្យដឹងថា បច្ចុប្បន្នជីសរីរាង្គព្រៃស្នួល (ជីធម្មជាតិ) មិនទាន់មានការចែកចាយទូលំទូលាយ និងផ្លូវការនៅឡើយទេ គឺស្ថិតក្នុងដំណាក់កាលប្រើប្រាស់សាកល្បង។
លោកបន្ថែមថា ការចាប់យកឱកាស ផលិតជីសរីរាង្គព្រៃស្នួល នាពេលនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតលើវិស័យកសិកម្មជាចម្បង ។
លោក សយ សុភាព អះអាងថា «ជីសរីរាង្គព្រៃស្នួល មិនត្រឹមតែមានគុណភាព សម្រាប់ការបង្ករបង្កើនផលនោះទេ វាបន្ថែមទាំងអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ផងដែរ»។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានផ្ដាំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានចាត់តាំងមន្រ្តីជំនាញចុះមកពិនិត្យផ្ទាល់ដល់ទីតាំងផលិត និងបំពេញនូវចំណុចខ្វះខាតមួយចំនួន ៕