ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ក្រៅពីការអរគុណ ចំពោះអាជ្ញាធរហើយ ប្រជាពលរដ្ឋ លើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរ ដាក់បង្គោលភ្លើង បំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយ ។
វេទិកាខាងលេីនេះ ត្រូវបានធ្វេីឡេីង នាព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានី នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
ក្នុងឱកាសនោះលោក សុខ ពេញវុធ បានលើកឡើងថា រាល់ សំណើនិងសំណូមពរផ្ទាល់មាត់ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកស្នើរអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ។
លោកអភិបាលរង បានបញ្ជាក់ថា “ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអទិភាពចាំបាច់បន្ទាន់ៗ នឹងដោះស្រាយមុនគេ ហើយអ្វី ដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោង អភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់” ។
ថ្លែងក្នុងពិធីបិទវេទិកាលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ មានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុច អសកម្មនារបស់ខ្លួន ពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាង ឲ្យរដ្ឋបាលសាធារណៈ ៕