ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញចូលរួម​ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤-៤៥ នៅវៀងចន្ទន៍

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨-១១ តុលា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ តបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤។

ក្នុងដំណើរអញ្ជើញរបស់សម្តេចធិបតី នាឱកាសនេះ ត្រូវបានអមដំណើរ ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

លោក មា ស សុភ័ណ្ឌ បានឲ្យដឹងថា កិច្ចប្រជុំកំពូល ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្តោតទៅលើការជំរុញបន្ថែមទៀត នូវវឌ្ឍនភាព នៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការ តភ្ជាប់ និងភាពធន់នៅក្នុងនិងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី នឹងអញ្ជើញចូលរួម ក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

សម្តេចធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ផងដែរ៕

To Top