ព័ត៌មានអន្តរជាតិ

ស្ថានភាពមនុស្សធម៌ នៅលីបង់ បន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស

AFP

យូអិន៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ដោយជំរុញដោយការផ្លាស់ប្តូរ អរិភាពកាន់តែខ្លាំងឡើង នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវ ស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសលីបង់ បន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ខ្លួននៅតែបន្តមានការ ព្រួយបារម្ភ ចំពោះការវាយប្រហារ លើប្រព័ន្ធសុខាភិបាល ដោយការវាយប្រហារ តាមអាកាសបានពង្រីក ភូមិសាស្ត្រប៉ះពាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

ការិយាល័យនេះបានឲ្យដឹងថា យោងតាមអាជ្ញាធរលីបង់ ឧប្បត្តិហេតុចំនួន ៣៦ ដែលផ្តោតលើកន្លែងថែទាំសុខភាព ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។ យ៉ាងហោចណាស់មានមណ្ឌលថែទាំសុខភាព បឋមចំនួន ៩៦ ហើយមន្ទីរពេទ្យចំនួន ៣ ត្រូវបានបង្ខំឱ្យបិទដំណើរ ការដោយសារតែអរិភាព ។

OCHA បានឲ្យដឹងថា “ការវាយប្រហារមិនត្រឹមតែប៉ះពាល់ដល់សម្ភារៈបរិក្ខារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់បុគ្គលិកសុខាភិបាលផងដែរ ដោយអង្គការសុខភាពពិភពលោក បានដាក់ចំនួនបុគ្គលិកសុខាភិបាល ដែលត្រូវបំពេញកាតព្វកិច្ច ដែលត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នានេះដល់ទៅ ៧៧នាក់” ។  ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ក៏​រង​ការ​ប៉ះ​ពាល់​ដែរ ដោយ​មាន​គ្រឿង​បរិក្ខារ ​ទឹក​យ៉ាង​ហោច​ណាស់ ២៥ កន្លែង​ដែល​រង​ការ​ខូចខាត​ប៉ះពាល់​ដល់​មនុស្ស​ជាង ៣០ ម៉ឺន​នាក់ ។

ការិយាល័យបានឲ្យដឹងទៀតថា អរិភាពដែលកំពុងបន្ត និងបទបញ្ជាផ្លាស់ទីលំនៅបន្តផ្លាស់ទីលំនៅប្រជាជន ជាពិសេសពីភាគខាងត្បូងនៃប្រទេស និងជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី។  អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក បានកត់ត្រាជនភៀសខ្លួនជាង ៥៤ម៉ឺននាក់ចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំមុន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top