ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវ ដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្ត តាមការណែនាំរបស់អាជ្ញាធរ។
ការអំពាវនាវរបស់លោករដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗ ទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផល ប៉ះពាល់នៅតំបន់ទំនាប ។
លោករដ្ឋលេខាធិការ ស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសនៅតាមបណ្តាខេត្ត ដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិទឹកជំនន់ នៅពេលនេះសូមបន្តស្តាប់ តាមការណែនាំ របស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះ ថ្នាក់ដោយយថាហេតុណាមួយ ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានពលករខ្មែរ ណាម្នាក់ ត្រូវបានរកឃើញទទួលរងផល ប៉ះពាល់ពីគ្រោះទឹកជំនន់ នៅប្រទេសថៃនៅឡើយទេ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុក ដាក់តាមដានស្ថានការណ៍ វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និង ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូន បានទទួលព័ត៌មាន អំពីពលរដ្ឋខ្មែរ យើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមក ស្ថានឯកអគ្គរាជ ទូតកម្ពុជា ប្រចាំប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok) ឬ អនុព័ន្ធការងារអមស្ថាន ទូតកម្ពុជា ប្រចាំប្រទេសថៃ តាមរយៈលេខទូរសព្ទ +66 (0) 94 092 5905 , +66 (0) 94 416 5518៕