ហ្គាហ្សា៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន បានឲ្យដឹងថា សង្រ្គាមដ៏ព្រៃផ្សៃ ដែលអូសបន្លាយរយៈពេលមួយឆ្នាំ បានប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជាកន្លែងបញ្ចុះសពសម្រាប់មនុស្សរាប់ម៉ឺននាក់ និងសមុទ្រនៃកម្ទេចថ្ម ។
លោក Philippe Lazzarini អគ្គស្នងការ នៃទីភ្នាក់ងារជំនួយ និងការងារជនភៀស ខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា “១២ខែនៃសង្រ្គាមដ៏ឃោរឃៅ បានប្រែក្លាយតំបន់ហ្គាហ្សា ទៅជាសមុទ្រកម្ទេចថ្ម ដែលមិនអាចស្គាល់បាន និងជាកន្លែងបញ្ចុះសព សម្រាប់មនុស្សរាប់ម៉ឺននាក់”។
លោកបានលើកឡើងថា “មួយឆ្នាំបានកន្លងផុតទៅហើយ មិនមែនមួយថ្ងៃកន្លងផុតទៅដោយគ្មានគ្រួសារនៅហ្គាហ្សា ត្រូវរងទុក្ខវេទនា ដែលមិនអាច និយាយបាននោះទេ ព្រោះការផ្លាស់ ទីលំនៅដោយបង្ខំ ជំងឺ ភាពអត់ឃ្លាន និងការស្លាប់បានក្លាយ ជាបទដ្ឋានប្រចាំថ្ងៃសម្រាប់មនុស្ស ២លាននាក់ ដែលជាប់នៅក្នុងឡោមព័ទ្ធដោយទម្លាក់គ្រាប់បែក”។
លោកបន្ដថា “កុមារ គឺ ជាមនុស្សដំបូងគេ និងឈឺចាប់ជាងគេ ។ លើសពីការសម្លាប់ និងរបួស កុមារគ្រប់រូបនៅតំបន់ ហ្គាហ្សាមានរបួស មនុស្សជាច្រើនមានស្លាកស្នាមដែលជាប់ខ្លួនពេញមួយជីវិត។ កុមារជាង ៦៥ម៉ឺននាក់កំពុងបាត់បង់ ការសិក្សាមួយឆ្នាំទៀត ។ ជំនួសឱ្យការនៅក្នុងថ្នាក់រៀន ពួកគេ កំពុងរសាត់តាមគំនរបាក់បែកទាំងអស់សង្ឃឹម និងភ័យខ្លាចបំផុត” ។
លោកបន្ថែមថា តំបន់មជ្ឈិមបូព៌ាកំពុងលិច កាន់តែជ្រៅ ទៅក្នុងជម្លោះ ការសម្លាប់ និងភាពភ័យរន្ធត់ដូចគ្នា នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមទៀតថា “ការពង្រីកសង្រ្គាមចូល ទៅក្នុងប្រទេសលីបង់ កំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ជនស៊ីវិល មនុស្សជាច្រើនបានបង្ខំ ឱ្យរស់ឡើងវិញ នូវរបួសពីអតីតកាល ដែលពួកគេធ្លាប់ជួប” ៕
ប្រែសម្រួល ឈូក បូរ៉ា