ព័ត៌មានជាតិ

គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ធានាការបោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឡើងមិនឲ្យកម្ពុជាខាតបង់ឡើយ

ភ្នំពេញ៖ គណៈកម្មការកិច្ចការព្រំដែន បានធានាអះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តធ្វើឲ្យបានចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះដោយ ធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនកម្ពុជាខាតបង់ឡើយ។

យោងតាមសេចក្ដីថ្លែងការណ៍ របសើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា “ក្នុងកិច្ចការខណ្ឌសីមា និងបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល ៨៤% នៃខ្សែព្រំដែនរួម នឹងបន្តធ្វើឲ្យបានចប់ជាស្ថាពរ១០០% ដើម្បី ធានាបាននូវបូរណភាព ទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនខាតបង់ឡើយ”។

ក្នុងឱកាសនោះ គណៈគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច ចូលរួមរក្សាចំណែកដី ទាំងនោះ និងទប់ស្កាត់ ចាត់វិធានការតាមច្បាប់ទៅលើ ជនទាំងឡាយណា ដែលមានចេតនាបំពានយកដីទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ បន្លំធ្វើឯកសារដោយខុសច្បាប់ ក្នុងគោលបំណង នាំឲ្យមានការភ័ន្តច្រលំ ដល់សាធារណៈជនមតិជាតិនិងអន្តរជាតិ។

លើសពីនេះទៅទៀតគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនក៏បានប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស ដែលបង្ហោះនៅលើអាខោនហ្វេសប៊ុក និងគេហទំព័ររបស់ ឈ្មោះ William Guang នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា។

ការប្រកាសទាត់ចោលនេះ ធ្វើឡើងបន្ទាប់ពីអាខោនហ្វេសប៊ុក និងគេហទំព័រ ឈ្មោះ William Guang របស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានអត្ថាធិប្បាយ រឿងព្រំដែន ដោយដាក់ចំណងជើងថា «រឿងអីអាជ្ញាធរវៀតណាមមានសិទ្ធិឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនឲ្យធ្វើស្រែនៅលើដីខ្មែរ?» និង «ខ្មែររវល់រឿងកូវីដ ទាហានវៀតណាមឆ្លងព្រំដែនមកដេញពលរដ្ឋខ្មែរលើដីខ្មែរ» នៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំជាដើម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាមួយក្រុម និងគូកន មានចេតនាបានបង្កើត និងប្រឌិតរឿងផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងយកដីនៅតំបន់នោះ ធ្វើជាកម្មសិទ្ធិបុគ្គលឯកជន ដោយបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែន របស់រាជរដ្ឋាភិបាលអំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការរំលោភបំពានទឹកដី ពីប្រទេសជិតខាង តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីប្រជាពលរដ្ឋ បាត់បង់ដីស្រែចំការនៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ។

ទាក់ទងជាមួយបញ្ហានេះដែរ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស កុំជឿនិងកុំចែកចាយ រាល់ការបង្ហោះបោកប្រាក់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មាន ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហាលដល់កិច្ចការព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់៕ដោយ៖ ធី លីថូ

To Top