ព័ត៌មានជាតិ

សម្ដេចធិបតី៖ បុរេលក្ខខណ្ឌដ៏សំខាន់មួយ នៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាន​សុខសន្ដិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ទៅលោក Jin Liqun ប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយ​ នៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេស ធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុង​ឱកាសអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។

ក្នុងជំនួបនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យ របស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក ។

ក្នុងនោះដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជា ត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាត ដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា “បុរេលក្ខខណ្ឌដ៏សំខាន់មួយ នៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខ សន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថា នៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា” ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ទៀតថា “ក្នុងនាមជាប្រទេសស្ថានិកមួយ របស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួម ជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ AIIB” ។

ជាមួយគ្នានេះដែរ លោក Jin Liqunប្រធានធនាគារ បានបង្ហាញ នូវសក្ដីសប្បាយរីករាយ ដែលធនាគារ AIIB បានរួមចំណែក ដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ លោកប្រធានធនាគារ ក៏បានបន្តថា កម្ពុជា ជាប្រទេសស្ថាបនិកមួយ ដែលបានចូលរួមចំណែក ក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន ។ ការណ៍នេះសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ និង ការរួមចំណែក ដ៏សំខាន់របស់កម្ពុជា ក្នុងការអភិវឌ្ឍបន្តិចម្ដងៗ នៃដំណើរការ របស់ធនាគារ AIIB ។

លោកJin Liqun​ ប្រធានធនាគារ ក៏បានលើកឡើងពីសារៈសំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនផងដែរ ៕

To Top