ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អំពាវនាវដល់បេក្ខជនប្រឡង មន្ដ្រីរាជការស៊ីវិល ជៀសឱ្យឆ្ងាយពីជនឆ្លៀតឱកាស

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំរុញឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍ នៃការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយអំពាវនាវដល់បេក្ខជន និងសាធារណជន ឱ្យប្រុងប្រយ័ត្ន និងជ្រៀសឱ្យឆ្ងាយពីជនឆ្លៀតឱកាស ក្នុងចេតនាក្លែងបន្លំ បោកប្រាស់ ឬការធានាដោយប្រការណាមួយ។

ក្នុងជំនួបជាមួយមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជំរុញ និងលើកទឹកចិត្តឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍ នៃការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួងបានអនុវត្តចំនួន ៩ដង កន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងនោះ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈការប្រឡងប្រជែង ជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដោយធ្វើយ៉ាងណា ធានាថា បេក្ខជនអាចចូលរួមប្រឡងប្រជែង ក្លាយជាមន្ត្រីរាជការស៊ីវិល មកពីគ្រប់ទីកន្លែង គ្រប់ស្រទាប់ ដោយស្មើភាពគ្នា និងទទួលបានឱកាសច្រើនដង។

ទន្ទឹមនឹង ការលើកឡើងបែបនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បេក្ខជន និងសាធារណជនឱ្យប្រុងប្រយ័ត្ន និងជ្រៀសឱ្យឆ្ងាយពីជនឆ្លៀតឱកាស ក្នុងចេតនាក្លែងបន្លំ បោកប្រាស់ ឬការធានា ដោយប្រការណាមួយ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ត្រូវពឹងផ្អែកលើសមត្ថភាព នៃចំណេះដឹងរបស់បេក្ខជនតែមួយគត់ ដោយត្រូវដើរស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្ដថា ការរៀបចំប្រព័ន្ធប្រឡងនេះ ជាការផ្តល់ឱកាស និងក្តីសង្ឃឹមជូនដល់ប្អូនៗយុវជនទាំងទីប្រជុំជន និងជនបទមានឱកាសស្មើៗគ្នា ក្នុងការប្រឡងប្រជែង ក្លាយជាមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕

To Top