ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ នៅចំពោះមុខថ្នាក់ដឹកនាំ របស់អាស៊ានថា ចំពោះការប្រឈមមុខ នឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើង អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួន ប្រកបដោយភាពធន់ទៅនឹងអនាគត” ៕