ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការរួមចំណែករបស់ជប៉ុន ក្នុងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ហើយក្នុងន័យនេះ បានទន្ទឹងរង់ចាំការសម្រេចបាន នូវកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលសម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ក្នុងនោះក្រសួងការបរទេសខ្មែរបានបញ្ជាក់ថា “ក្នុងរបៀបវារៈបៃតង សម្តេចធិបតី បានសម្តែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយដល់អាស៊ាន ក្នុងការកាត់បន្ថយកាបូន និងបានលើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន”។
ជាមួយគ្នានេះ លទ្ធផលដដែលនេះ បានបញ្ជាក់បន្ថែមថា “សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាព រវាងប្រជាជន និងប្រជាជននៅតែជាសសរស្តម្ភដ៏សំខាន់ នៃភាពជាដៃគូ ហើយពេញចិត្ត ចំពោះការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូ ដើម្បីសហបង្កើតថ្មី នូវអនាគតមួយជាមួយ នឹងជំនាន់ក្រោយ គម្រោង WA 2.0 ដែលនឹងផ្តល់កាលានុវត្តភាព ដល់មនុស្សចំនួន ១០លាននាក់ ជាពិសេសអ្នកដឹកនាំជំនាន់ក្រោយ នៃតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីធ្វើទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក កាន់តែប្រសើរឡើង” ៕