Covid-19

ប្រធានាធិបតីតួកគី៖ ទីតាំងជិត ៤០កន្លែង នៅទូទាំងប្រទេស ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែចំនួនកើនឡើង នៃករណីឆ្លងវីរុសកូវីដ១៩

អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃច័ន្ទថា ទីតាំងសរុបចំនួន ៣៩កន្លែង នៅទូទាំងប្រទេសត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែចំនួនកើនឡើង នៃករណីឆ្លងវីរុសកូវីដ ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Erdogan បានថ្លែងនៅឯសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ប្រជាជាតិលោកថា “បច្ចុប្បន្ននេះ ៣៩ ភូមិ និងសង្កាត់នៅទូទាំងប្រទេស កំពុងស្ថិតនៅដាច់ពីគេ” ។

ជាថ្មីម្តងទៀតលោកបានជំរុញឱ្យ ប្រជាជនតួកគីអនុវត្តការដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក ដើម្បីជួយទប់ស្កាត់ការរីករាលដាល នៃមេរោគដែលបានឆ្លងយ៉ាងឆាប់រហ័សនេះ។ លោកបន្តថា “ ប្រជាជនរបស់យើងកាន់តែ រក្សាខ្លួនឯងនៅផ្ទះតាមរយៈ ការដាក់នៅដោយឡែកដោយស្ម័គ្រចិត្ត នោះដំណើរការនៃការធ្វើឱ្យជីវិត របស់យើងមានលក្ខណៈធម្មតាវិញ គឺកាន់តែខ្លីទៅ ៗ មិនខាន ” ។

លោកប្រធានាធិបតី ក៏បានពន្យល់ពីមូលហេតុដែល នៅពីក្រោយរដ្ឋាភិបាលតួកគី មិនបានប្រកាសបម្រាមគោចរទូទាំងប្រទេស គឺដើម្បីធានាឱ្យបាននូវ ផលិតកម្មជាបន្តបន្ទាប់ដើម្បីគាំទ្រ ដល់ការនាំចេញ និងការផ្គត់ផ្គង់តម្រូវការមូលដ្ឋាន។

លោកបានជំរុញឱ្យក្រុមហ៊ុន ដែលនឹងបន្តផលិតកម្មត្រូវមាន ការប្រុងប្រយ័ត្នចាំបាច់ ដើម្បីការពារសុខភាព បុគ្គលិករបស់ពួកគេ។

សូមជម្រាបថា បើយោងតាមតួលេខចុងក្រោយ របស់ក្រសួងសុខាភិបាលតួកគី គឺចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដនៅតួកគី បានកើនឡើងដល់ ១៦៨ នាក់ ហើយករណីដែលបានបញ្ជាក់ថា ឆ្លងមានសរុបចំនួន ១០,៨២៧នាក់ គិតត្រឹមថ្ងៃចន្ទ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top