ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អេស្បាញថា អឺរ៉ុប ត្រូវតែផ្អាកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយប្រទេសអ៊ីស្រាអែល

RT News

បរទេស៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃចន្ទថា អឺរ៉ុប (EU) ត្រូវតែពិចារណា លើការព្យួរកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី របស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល ក្រោមការចោទប្រកាន់ ពីបទរំលោភ សិទ្ធិមនុស្សដោយរដ្ឋជ្វីហ្វ ។ លោក Sanchez បានអំពាវនាវរួចហើយ ដល់សហគមន៍អន្តរជាតិ ឲ្យបញ្ឈប់ការលក់ អាវុធទៅឲ្យអ៊ីស្រាអែល ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសអេស្បាញ និងអៀរឡង់ បានជំរុញជាផ្លូវការឱ្យគណៈកម្មការអឺរ៉ុប ពិនិត្យមើលកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប-អ៊ីស្រាអែល ក្នុងខែកុម្ភៈ ចំពេលមានជម្លោះនៅតំបន់ហ្គាហ្សា និងការព្រួយបារម្ភរីករាលដាល អំពីការរំលោភច្បាប់សិទ្ធិមនុស្ស អន្តរជាតិដោយអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ទីក្រុងព្រុចសែល មិនទាន់ឆ្លើយតបនៅឡើយទេ។

នាយករដ្ឋមន្ត្រីអេស្បាញ បាននិយាយនៅ ក្នុងព្រឹត្តិការណ៍ មួយកាលពីថ្ងៃចន្ទថា “គណៈកម្មការអឺរ៉ុប ត្រូវតែឆ្លើយតប ចំពោះសំណើផ្លូវការដែលធ្វើឡើង ដោយប្រទេសនៅអឺរ៉ុបចំនួនពីរ ដើម្បីផ្អាកកិច្ចព្រមព្រៀង សមាគមជាមួយអ៊ីស្រាអែល ប្រសិនបើវាត្រូវបាន គេរកឃើញដូចដែលអ្វីគ្រប់យ៉ាង បានបង្ហាញថា សិទ្ធិមនុស្សកំពុងត្រូវបានរំលោភ” ។

លើសពីនេះទៀត មេដឹកនាំអេស្ប៉ាញ បានថ្កោលទោស ការទាមទារ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យកងកម្លាំង បណ្តោះអាសន្នអង្គការ សហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) ដកខ្លួនចេញ ពីតំបន់ប្រយុទ្ធ ។ លោក Sanchez បានសង្កត់ធ្ងន់ ដោយរិះគន់ ការវាយប្រហាររបស់អ៊ីស្រាអែល លើកងរក្សាសន្តិភាពថា “វានឹងមិនមានការដក UNIFIL ទេ” ៕

To Top