កំពង់ធំ ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានធ្វើការសំណេះសំណាល ក្នុងនាមមនោសញ្ចេត នាគោរពស្រឡាញ់ ចំពោះយោធិន ដែលត្រូវដាក់ឲ្យ ចូលសោធននិវត្តន៍និង ទទួលអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណ និងស្រឡាញ់ប្រកប ដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនយោធិន ទាំងចំនួន២៤ រូប ដែលត្រូវបានក្រសួងការពារ ជាតិដាក់ឲ្យចូលសោធន និវត្តន៍ប្រចាំឆ្នាំ ២០២៤ នេះ នឹងបានផ្ដាំផ្ញើដល់បង ប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រូវដាក់ពាក្យស្នើ សុំចូលជាសមាជិក សមាគមអតីតយុទ្ធជន ដើម្បីបានទទួលការមើលថែ ទាំពីគណៈកម្មាធិការ សមាគមអតីតយុទ្ធជន នៅគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដោះស្រាយ ការលំបាកនានារបស់បងប្អូន ក្នុងពេលដែលបងប្អូនទៅរស់ នៅជាជនស៊ីវិល នៅឯមូលដ្ឋានវិញ ។
នៅក្នុងឱកាសសំណេះសំណាល ប្រកបដោយមនោសញ្ចេតនា ដ៏កក់ក្តៅប្រៀប ដូចជាក្រុមគ្រួសារតែមួយ ដែលត្រូវបែកគ្នា នៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនយោធិន ដែលត្រូវចូលសោធននិវត្តន៍ទាំងចំនួន២៤រូប ដោយក្នុងម្នាក់ៗ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ផងដែរ ។
លោកវរសេនីយ៍ត្រី ស្រី ចន្ធី តំណាងឲ្យយោធិន ដែលត្រូវចូលសោធននិវត្តន៍ទាំង២៤រូប បានថ្លែងនូវការគោរពអរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុក ដាក់ជួយដោះស្រាយនូវរាល់ការលំបាកជូនដល់យោធិន នៅក្នុងអង្គភាពនិងអតីតយុទ្ធ ជននៅក្នុង ខេត្តកំពង់ធំ ប្រកបដោយគុណធម៌ និងមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងឧត្តមសេនីយ៍ទោ សោម ស៊ុន សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយសំនៀង