ព័ត៌មានអន្តរជាតិ

រយៈពេលត្រឹម ១សប្ដាហ៍ពលរដ្ឋ ប៉ាឡេស្ទីនជិត ២០០០នាក់ស្លាប់ និងរបួស នៅតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា ៖ លោកស្រី Joyce Msuya អគ្គលេខាធិការស្តីទី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ជនជាតិប៉ាឡេស្ទីនជិត ៤០០ នាក់ត្រូវបានសម្លាប់ និងជិត ១,៥០០នាក់បានរងរបួសនៅក្នុងតំបន់ហ្គាហ្សា។

ថ្លែងសង្ខេបទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពមនុស្សធម៌នៅហ្គាហ្សា លោកស្រី Msuya បានឲ្យដឹងថា ប្រជាជននៅតំបន់ហ្គាហ្សាបានទទួលរង នូវឧប្បត្តិហេតុមនុស្សស្លាប់ជាច្រើន ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីការសង្ខេបចុងក្រោយ របស់នាងកាលពីថ្ងៃទី០៩ ខែតុលា។

លោកស្រីបានលើកឡើងថា “ពិភពលោកបានឃើញរូបភាពអ្នកជំងឺ និងជនភៀសខ្លួន ដែលស្នាក់នៅក្បែរមន្ទីរពេទ្យ Al Aqsa កំពុងឆេះទាំងរស់” ដោយបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀត រួមទាំងស្ត្រី និងកុមារ កំពុងរងការឈឺចាប់យ៉ាងខ្លាំង នៃការរលាក ហើយបានផ្លាស់ប្តូរជីវិត ពួកគេយ៉ាងធ្ងន់ធ្ងរ។

លោកស្រីបន្ដថា “ប្រសិនបើភាពភ័យរន្ធត់បែបនេះមិនដាស់អារម្មណ៍មនុស្សជាតិរបស់យើង ហើយជំរុញឱ្យយើងធ្វើសកម្មភាព តើនឹងទៅជាយ៉ាងណា?”។

លោកស្រីបានបន្ថែមថា ការវាយលុកយោធារបស់អ៊ីស្រាអែល កំពុងកាន់តែខ្លាំងឡើងនៅភាគខាងជើង ហើយចាប់តាំងពីដើមខែតុលាមក វាត្រូវបានគេប៉ាន់ប្រមាណថា មនុស្សជាង ៥៥,០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Jabaliya ខណៈដែលអ្នកផ្សេងទៀត នៅតែជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top