ព័ត៌មានជាតិ

ក្រសួងដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិនិត្យ សេចក្ដីព្រាងផែនការរៀបចំដែនដី ខេត្តស្វាយរៀង

ស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋអភិបាលរងខេត្តស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី  និងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត និងលោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានកោតសរសើរ និងអរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដើម្បីធ្វើការពិនិត្យ និងសម្រេចចុងក្រោយក្នុងក្របខ័ណ្ឌបច្ចេកទេស មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួចបញ្ជូនទៅគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដើម្បី ស្នើសុំរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការដោយអនុក្រឹត្យ តាមនីតិវិធីកំណត់។

លោកបានបន្ថែមថា ជាការពិតណាស់ ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រ គោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែង សម្រាប់រយៈពេល ២០ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ 

លោកបានបញ្ជាក់ថា ដើមឡើយខេត្តស្វាយរៀង គឺជាខេត្តដែលផ្ដោតជាសំខាន់ លើការងារកសិកម្មជាធំ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០០៥ ពេលដែលរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យ មានតំបន់សេដ្ឋកិច្ចពិសេស រចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក ផ្ទៃដីបង្កបង្កើនផលមួយចំនួននៅក្នុងវិស័យកសិកម្ម មានការប្រែប្រួល និងបានផ្លាស់ប្ដូរមុខងារ ពីដីបម្រើឲ្យការងារដាំដុះ ទៅជាដីបម្រើឲ្យការងារសាងសង់ និងផ្នែកឧស្សាហកម្ម។

លោកបានបន្តថា បើគិតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងទាំងមូល យើងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣០៧កន្លែង ហើយបើយើងមើលពីសក្ដានុពល និងគម្រោងថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងគម្រោងផ្លូវដែក ជាដើម។

ជាមួយគ្នានេះ លោកអភិបាលខេត្តមានសង្ឃឹម និងជឿជាក់ថា តាមរយៈការចូលរួមនេះ យើងនឹងទទួលបាននូវផែនការមួយដ៏ល្អប្រសើរ ដែលជាត្រីវិស័យនាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍ នាពេលអនាគតរបស់ខេត្ត ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា ។

នៅក្នុងឱកាសនោះ លោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើបទបង្ហាញពីខ្លឹមសារសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្រុមការងារបានរៀបចំកន្លងមក ព្រមទាំងមានការសម្របសម្រួល ពីលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន នឹងទទួលបានអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំផងដែរ៕

To Top