ព័ត៌មានជាតិ

ការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា​ វប្បធម៌​ ទេសចរណ៍ ដ៏មានសារៈសំខាន់

ភ្នំពេញ ៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការ ប្រកួតកីឡាយុទ្ធគុន ចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» (គ.ច.យ.ខ.ព) បានថ្លែងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នាពេលនេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញ នូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់។

ការលើកឡើងរបស់ លោកទេសមន្ដ្រី ថោង ខុន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ។

លោកទេសមន្ដ្រី ថោង ខុន មានប្រសាសន៍ថា «ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី នេះ គឺជាព្រឹត្តិការណ៍កីឡា -វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញ នូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រ ខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធ គុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុង កប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀប ចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថល របស់ជាតិសម្រាប់បន្សល់ ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន»។

លោកទេសមន្ដ្រី បន្ដថា «យើងពិតជាមានមោទនភាព ចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និងរតនសម្បត្តិមហាសាល ទាំងរូបី ទាំងអរូបីឱ្យយើងទាំងអស់គ្នាគ្រប់ជំនាន់ ដោយឡែកសម្រាប់យុទ្ធគុន ខ្មែរបុរាណ យើងមានភស្តុតាង និងសក្ខីកម្មជាច្រើន ដូចជាការរៀបរាប់ពីថ្វីដៃយុទ្ធគុន របស់អតីតព្រះមហាក្សត្រ តាមសិលាចារឹក សាស្រ្តាស្លឹករឹត តាមជញ្ជាំងប្រាសាទជាច្រើន និងតាមសហគមន៍នានា ទូទាំងប្រទេស និងនៅអតីតចក្រភពខ្មែរបុរាណ ដើម្បីទុកឲ្យកូនខ្មែរសម័យទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកជាសម្បត្តិវប្បធម៌យុទ្ធគុនជាតិដ៏មានតម្លៃបំផុត»។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព និងអនុគណៈកម្មការប្រតិបត្តិ ដែលបានបានខិតខំអនុវត្តការងារ និងបានសហការយ៉ាងជិតស្និទ្ធជាមួយ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេសរួមមួយ ទំនើប និងស្តង់ដាកីឡា និងបានសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកីឡា កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងព្រឹទ្ធាចារ្យយុទ្ធគុន រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងផ្នែកសុខាភិបាល ជាដើម។

លោកទេសរដ្ឋមន្ដ្រី បានសង្ឃឹមជឿជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់ សម្តេចបវរធិបតី» នាពេលនេះ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះ ខ្មែរបុរាណឱ្យមានការរីកចំរើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិក ឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅ ក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត។

សូមបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ក្នុងគោលដៅ លើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»។ ការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់ សម្តេចបវរធិបតី» លើកទី១ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុន កងយោធពលខេមរភូមិន្ទជាដើម ក៏នឹងមានការរៀបចំពិព័ណ៌ អាថ៌កំបាំងយុទ្ធគុន ដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំង បង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនី ចូលរួមសរុបជិត ៥០០នាក់៕

To Top