ព័ត៌មានអន្តរជាតិ

ករណីជនជាតិចិន បាញ់សម្លាប់គ្នាក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង មិនមែននៅកម្ពុជានោះទេ គឺនៅហ្វីលីពីន

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមពាក់ព័ន្ធនឹងវីដេអូ ជនជាតិចិនមួយក្រុម បានបាញ់ប្រហារទៅបុរសម្នាក់ជាជនជាតិចិនដូចគ្នា ក្នុងបន្ទប់ភោជនីយដ្ឋានមួយកន្លែង គឺប្រភពពីក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានដំណឹងនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាផ្ទាល់ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ពេលនោះឃើញថា វីដេអូនេះពិតជាកើតមានឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន ប៉ុន្តែមិនមែនស្ថិតនៅប្រទេសកម្ពុជានោះទេ គឺបានកើតឡើងនៅហាងចិនឈ្មោះ Xiaojungan, តំបន់ Makati ប្រទេសហ្វីលីពីន ។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែខិតខំប្រឹងប្រែងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជានិច្ច ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម កុំធ្វើការបង្ហោះ ឬ ចែកចាយបន្ត ដើម្បីកុំឲ្យមានភាន់ច្រឡំ និងបង្កជាអសន្តិសុខសង្គម មិនត្រឹមតែប៉ុណ្ណោះអ្នកបង្ហោះឬចែកចាយអាចប្រឈមនឹងការអនុវត្តច្បាប់៕

To Top