ព័ត៌មានជាតិ

សម្តេចធិបតី ៖ ប្រទេស ជាច្រើនចេញ ពីសង្គ្រាម ពលរដ្ឋគ្មានស្មារតីស្ម័គ្រចិត្ត ផ្ទុយពីកម្ពុជាស្មារតីនេះ មានតាំងពីជំនាន់សង្គ្រាម ឬក្រោយសង្គ្រាម

ភ្នំពេញ ៖ លើកយកពីបទពិសោធន៍ខ្លះៗ ជុំវិញការ ស្ទង់មតិពីខាងក្រៅ ជាមួយអ្នកជំនាញ កាលពីសម្តេចធិបតី ហ៊ុន ម៉ាណែត សិក្សានៅចក្រភព អង់គ្លេស សម្តេចបាន លើកឡើងថា ប្រទេសដែលចាក់ចេញពីសង្គ្រាម ប្រជាជនមិនមាន ស្មារតីស្ម័គ្រចិត្តនោះទេ ប៉ុន្តែនៅកម្ពុជាខុសគ្នា ស្មារតីស្ម័គ្រចិត្តនេះ បានកើតមាននៅក្នុងទឹកដីកម្ពុជា មិនថាជំនាន់សង្គ្រាម ឬក្រោយសង្គ្រាម ។

ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី១៩ តុលា សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា “ខ្ញុំសូមអរគុណណាស់ចំពោះការស្ម័គ្រចិត្ត ខ្ញុំធ្លាប់ជជែកជាមួយ អ្នកសិក្សាម្នាក់ កាលខ្ញុំរៀននៅអង់គ្លេស គាត់ថា គាត់ដើរ សិក្សាច្រើនប្រទេសណាស់ គេថាប្រទេសដែលចាក់ ចេញពីសង្គ្រាម ប្រជាជនមិនមានស្មារតីស្ម័គ្រចិត្តនោះទេ ព្រោះម្នាក់ៗគិតពីរស់ខ្លួនឯង គិតតែពីព្រួយបារម្ភ ហើយការពារខ្លួនឯង ការស្ម័គ្រចិត្តចែករំលែកមិនសូវមាន ។ ប៉ុន្តែនៅកម្ពុជា យើងខុសគ្នា អាចជាប្រពៃណីវប្បធម៌របស់យើង ការជួយគ្នាយកបុណ្យ ប៉ុន្តែស្មារតីស្ម័គ្រចិត្តនេះ បានកើតមាននៅក្នុងទឹកដីរបស់យើង មិនថាជំនាន់សង្គ្រាម ឬក្រោយសង្គ្រាម” ។

ជាមួយគ្នានេះ សម្តេចធិបតីគូសបញ្ជាក់ថា ស្មារតីស្ម័គ្រចិត្តតាមរយៈយុវជន យន្តការយុវជនផ្សេងៗ ដូចជាកាកបាទក្រហមនេះ គឺជាស្មារតីត្រឹមត្រូវ និងបានអរគុណចំពោះការស្ម័គ្រចិត្ត ។

សម្តេចមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមអរគុណចំពោះការស្ម័គ្រចិត្តចូល យន្តការយុវជនកាកបាទក្រហម ដើម្បីធ្វើការងារស្ម័គ្រចិត្ត ចែករំលែកពេលវេលា កម្លាំងកាយចិត្ត ជួយគ្នា ជួយដល់សង្គមជាតិរបស់យើង”៕

To Top