ព័ត៌មានជាតិ

ឆ្នេរមាសឆ្នេរប្រាក់ ជា​តំបន់ទេសចរណ៍ យុទ្ធសាស្រ្ត គួរឱ្យចាប់អារម្មណ៍ ​

ព្រះសីហនុ​៖ ឆ្នេរមាសឆ្នេរប្រាក់ គឺជា​តំបន់ទេសចរណ៍ យុទ្ធសាស្រ្ត គួរឱ្យចាប់អារម្មណ៍មួយ ដែលស្ថិត​នៅតាមបណ្ដោយ​ឆ្នេរ​ខ្សាច់​សក្បុស ពោលគឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ​ពី​ក្រុងព្រះសីហនុ ដែល​បានក្លាយជា​គោលដៅ​ វិស្សមកាល​ទេសចរណ៍​អន្តរជាតិ ដ៏​សំខាន់បំផុត​មួយ ​របស់​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​។

តំបន់វិស្សមកាល​ទេសចរណ៍​អន្តរជាតិ ឆ្នេរមាសឆ្នេរប្រាក់ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន យិៈចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី របស់ចិន ក្នុងទុនប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍តំបន់នេះ ទៅជាមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ, ទីតាំងសន្និសីទនៃវេទិកាប្រជុំហិរញ្ញវត្ថុ, សោធននិវត្តន៍អន្តរជាតិ, មន្ទីរពេទ្យ, មហាវិទ្យាល័យសុខាភិបាល, មគ្គុទេសក៍ទេសចរ, សណ្ឋាគារលំដាប់ផ្កាយ៥ និង បង្កើតជាតំបន់សម្បទាន ទេសចរណ៍ធំបំផុតនៅកម្ពុជា ។

ជាមួយ​ឆ្នេរ​ខ្សាច់​សក្បុស នៅក្នុងតំបន់នេះ ក៏មាននូវរីស៊ត ចំនួន៥០០បន្ទប់ ភោជនីយដ្ឋាន ជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ស្នាក់នៅផងដែរ។

អ្វីដែលជាយុទ្ធសាស្រ្តនោះគឺនៅត្រង់ថា តំបន់នេះស្ថិតនៅមិនឆ្ងាយពីកំពង់ផែរាម ហើយហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ និងមានកសិដ្ឋានដាំបន្លែ បណ្ដុះកូនឈើ និងចិញ្ចឹមសត្វផងដែរ ដែលសុទ្ធសឹង ជាស្បៀងសម្រាប់ផ្គត់ផ្គង់ ដល់គ្រប់តម្រូវការទាំងអស់។

ក្រៅពីនេះ ក៏មានការជិះទូកទស្សនាព្រៃកោងកាង តាមព្រែកប្រវត្តិសាស្រ្ត ដែលអ្នកស្រុកហៅថាជា «ព្រែកលីវយី»ដែលតាមរឿងព្រេងដំណាលថាព្រះបាទហ៊ុនទានបានជិះទូកតាមព្រែកនេះធ្វើការ វាយឆ្មក់និងយកឈ្នះ”រាម” ហើយក្រោយមកក៏ការគ្នាជាប្តីប្រពន្ធនិងបង្កើតអាណាចក្រខ្មែរទី១គឺ អាណាចក្រហ្វូណន ។ ដើម្បីជាការរំលឹកដល់ចម្បាំងនិងសេចក្តីស្នេហាក្នុងរឿងព្រេងនេះអ្នកជំនាន់ ក្រោយបានយកឈ្មោះហៅក្រៅរបស់រាមមកដាក់អោយព្រែកនេះឈ្មោះ ព្រែកលីវយី” ។ឆ្នេរមាសឆ្នេរប្រាក់ មានព្រែកទឹកសាប៥ដែលហ៊ុំព័ទ្ធទៅដោយព្រៃកោងកាងដែលប្រវែងសរុប មានដល់ជាង20គីឡូម៉ែត្រ។ ច្រាំងទាំងពីរដុះពេញ ទៅដោយរុក្ខជាតិព្រៃកោងកាង សម័យកាលដើម ដែលឆ្លងកាត់ការវិវឌ្ឍន៍រាប់សិបម៉ឺនលានឆ្នាំ។

បន្ថែមលើសពីនេះ ក៏មានការអភិរក្សដើមស្មាច់ប្រចាក់ ដែលរុក្ខជាតិប្រភេទនេះគឺជាប្រភេទដើមឈើ និងគុម្ពឈើ ដែលអាចដុះលូតលាស់កម្ពស់ពី ២ទៅ៣០ម៉ែត្រ ហើយសំបករបស់វារបូតចេញជាស្រទាប់ៗ ដូច្នេះវាត្រូវបានគេ ហៅថា “ដើមស្មាច់ប្រចាក់ “។ដើមស្មាច់ប្រចាក់ព្រៃភាគច្រើនដុះនៅជិតទឹក ឬនៅលើ គែមវាលភក់។ ប្រេងចម្រាញ់ចេញពីដើមស្មាច់ប្រចាក់ អាចយកទៅប្រើប្រាស់ក្នុង ឧស្សាហកម្មម្ហូបអាហារ និងឱសថ។

អ្វីដែលកាន់តែពិសេស នៅលើកំពូលភ្នំព្រែកត្របែក ជណ្តើរយន្តកម្ពស់ ៣៥,៨៣ ម៉ែត្រ សម្រាប់ឡើងទៅគយគន់ទេសភាពតំបន់ភ្នំដំបូងគេនៅកម្ពុជា ដែលបានសាងសង់ឡើងក្នុងព្រៃ។ នៅកន្លែងគយគន់ទេសភាព ពីលើជណ្តើរយន្ត លោកអ្នកអាចរីករាយជាមួយនឹងទេសភាព នៅឆ្ងាយមានដូចជាភ្នំបូកគោ កោះត្រល់ កោះថ្មី ផ្លូវជាតិលេខ៤ និងទេសភាពនៅជិត ដូចជាព្រែកទឹកសាប ពាម ព្រៃកោងកាង ដីស្រែចំការ និងកសិករកំពុងធ្វើការនៅជើងភ្នំ ។ ទីនេះក៏ជាទីតាំងដ៏ល្អបំផុតសម្រាប់ការគយគន់ទេសភាពថ្ងៃរះផងដែរ៕

To Top