ភ្នំពេញ៖ បណ្ដាគណបក្សនយោបាយ នៅលើសកលលោក(ICAPP) អំពាវនាវដល់សាធារណជនទូទៅ នៃបណ្ដាប្រទេសទាំងអស់ នៅលើសកលលោក ឲ្យគោរពតាម វិធានការបង្ការ និងទប់ស្កាត់ កាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាត វីវុសកូវីដ១៩ ប្រកបដោយស្មារតីទទួលខុសត្រូវផ្នែកសង្គម ដ៏ត្រឹមត្រូវ ។
យោងតាមលិខិតចំហ រួមរបស់បណ្ដា គណបក្សនយោបាយលើសកលលោក(ICAPP) ស្ដីពីកិច្ចសហប្រតិបត្តិការ អន្តរជាតិកាន់តែជិតស្និទ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “យើងសូមអំពាវនាវ ដល់សាធារជនទូទៅនៃបណ្ដាប្រទេសទាំងអស់ ឲ្យគោរពតាមវិធានការ បង្ការនិងកាត់បន្ថយការរាលដាល នៃជំងឺរាតត្បាត កូវីដ១៩នេះ ប្រកបដោយស្មារតី ទទួលខុសត្រូវផ្នែកសង្គម ដ៏ត្រឹមត្រូវ។យើងសូមលើកទឹកចិត្តដល់បណ្ដាប្រទេសទាំងឡាយ ឲ្យបង្កើនកម្លាំង របស់អង្គការសង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តឲ្យបានពេញលេញ ដើម្បីប្រមូលផ្ដុំនូវកម្លាំង សង្គមសរុបដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ”។
លិខិតរួមរបស់ICAPP សង្កត់ធ្ងន់ថា ប្រសិនបើការរីករាលដាល នៃវីរុសកូវីដ១៩ មិនអាចទប់ស្កាត់បានប្រកបដោយប្រសិទ្ធភាពនោះទេ វានឹងបង្កអន្តរាយកាន់តែខ្លាំងឡើង ដល់អាយុជីវិតសុវត្ថិភាព និងសុខភាពរបស់មនុស្សកាន់តែច្រើនឡើង ហើយនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃប្របណ្ដាប្រទេសជាច្រើនរួមទាំង ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
ក្នុងឱកាសនោះដែរ ICAPP បានគាំទ្រដល់បណ្ដាប្រទេសនានា ក្នុងការដាក់ចេញនូវផែនការនិងយុទ្ធសាស្រ្ត ត្រៀមក្នុងគ្រាមានអាសន្ននានា ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩នេះ ទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខានស្មើគ្នា ទាំងលើការទប់ស្កាត់ ការបន្តរីករាលដាលបន្ថែម ទាំងលើព្យាបាលអ្នកជំងឺជាដើម។
លើសពីនេះទៀត ICAPP ក៏បានលើកទឹកចិត្ត ដល់បណ្ដាប្រទេសទាំងអស់ នៅក្នុងខណៈពេលដែលកំពុងខិតខំ ប្រឹងប្រែងគ្រប់គ្រងជំងឺកូវីដ១៩នេះ ឲ្យអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ រួមបញ្ចូលគ្នាតែមួយ ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អនុវត្តវិធានការដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារក្រុមជនងាយរងគ្រោះ និងសហគ្រាសធុនតូចនិងមធ្យម និងប្ដេជ្ញាចិត្តដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន និងវឌ្ឍនភាពសង្គមផងដែរ។
ជាមួយគ្នានេះICAPP ក៏បានកោតសរសើរ ចំពោះបណ្ដាប្រទេសនានា រូមទាំងប្រទេសចិន ដែលបានប្រកាន់ខ្ជាប់នូវឥរិយាបថ បើកចំហ ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធនានា បានទាន់ពេលវេលា ចែកចាយបទពិសោធន៍ស្ដីពី ការឆ្លើយតបនិងជំងឺរាតត្បាត និងការព្យាបាលអ្នកជំងឺ ហើយជាពិសេសបានផ្ដល់នូវគ្រឿងបរិក្ខាពេទ្យនានា និងសម្ភារៈផ្សេងៗ ឲ្យអស់ពីលទ្ធភាព ទៅប្រទេសដែលរងគ្រោះផ្សេងៗ។
ICAPPប្ដេជ្ញាថា នឹងរក្សារការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធ នៅក្នុងកាលៈទេសៈមិនប្រក្រតីនេះ និងធានាបាននូវ ការអនុវត្តតួនាទីដ៏ត្រឹមត្រូវ នៃការដឹកនាំនយោបាយ ក្នុងគោលបំណងចាក់បញ្ចូលថាមពលនយោបាយ ទៅក្នុងយុទ្ធនាការសកលប្រឆាំងនឹងកូវីដ១៩៕ដោយ៖ធី លីថូ