ភ្នំពេញ៖ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) នឹងបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា។
អ្នកស្រីគឺជានាយិកាគ្រប់គ្រង USAID ដំបូងគេ ដែលមកកាន់ប្រទេសកម្ពុជា។ តាមការគ្រោងទុក អ្នកស្រី នឹងជួបប្រជុំជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំង ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រ ចំពោះប្រជាជនកម្ពុជា។
អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេក្នុងការបង្កើតសង្គម ដែលមានភាពរុងរឿង និងប្រកបដោយបរិយាបន្ន៕