ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រឆាំងដាច់ខាត ចំពោះបុគ្គល ទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា។

តាមរយៈសារបង្ហោះអបអរសាទរខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤) លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា មរតកសមិទ្ធផល នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុង ប៉ារីស ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា នៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងនាមពលរដ្ឋខ្មែរមួយរូប លោកឧបនាយករដ្ឋមន្ដ្រី បានចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧដុង្គឧត្តម នៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមហារដ្ឋបុរស បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួមនិងផ្សះផ្សាជាតិ ពីការបែកបាក់ពហុភាគី មកជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយ» ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិ ។

ជាមួយគ្នានេះដែរ ប្រមុខក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ បន្តវេនមួយរូប ខ្ញុំសូមប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា ដែលថ្នាក់ដឹកនាំយើង ជម្នះរាល់ឧបសគ្គ ខិតខំប្រឹងប្រែងស្វែងរកបានដោយលំបាក ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល»៕

To Top