ព័ត៌មានជាតិ

អ្នកស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាប្រចាំ ហើយបានឈានដល់កម្រិតកំពូល។

លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយ សម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាព ទាក់ទាញមួយនៅលើពិភពលោក ហើយម្ហូបចិនត្រូវសរុបបញ្ចូលគ្នា ជាលក្ខណៈពិសេស៨តំបន់។

លោកបណ្ឌិតបញ្ជាក់ថា ម្ហូបចិនទាំង៨តំបន់នេះ សុទ្ធមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាភាពទាក់ទាញដល់ខ្លាំងដល់ទេសចរ និងវិនិយោគិនចិនមកទស្សនានៅកម្ពុជា ដែលអាចទទួលទានអាហារដូចជានៅផ្ទះរបស់ខ្លួន។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានបង្ហាញ ការគាទ្រដល់ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដែលគ្រោងនឹងបង្កើត ឱ្យមានពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិននៅចុងសប្តាហ៍នេះផងដែរ។

លោកបន្តថា «ការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប គឺជាការចូលរួមបង្កើនមិនត្រឹមទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ដែលកំពុងសាងសហគមន៍ ជោគវាសនារួមគ្នាប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវម្ហូបប្រពៃណីរបស់កម្ពុជាដល់ពិភពលោក ហើយក៏ជាការរួមចំណែកទាក់ទាញ មិត្តចិនកាន់តែច្រើនមកកាន់កម្ពុជា ដោយអាចភ្លក្សរសជាតិបាន ទាំងរសជាតិដើមនៃម្ហូបចិន និងរសជាតិដើមនៃម្ហូបរបស់ម្ចាស់ផ្ទះផងដែរ។ ព្រឹត្តិការណ៍នេះច្បាស់ណាស់ថា នឹងបង្កើនបរិមាណទេសចរជនជាតចិន ជាពិសេសមកកាន់កម្ពុជាដើម្បីរួមចំណែក បង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍»។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅខេត្តសៀមរាប នៅចុងសប្តាហ៍នេះ ដែលមានអ្នកចូលរួមដាក់តាំង បង្ហាញម្ហូបអាហារល្បីៗរបស់កម្ពុជា-ចិន ចំនួនប្រមាណ១០០ស្តង់ ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ ក្រោមប្រធានបទអាហារល្អសម្រាប់ទាំងអស់គ្នា ដែលមានវាគ្មិនល្បីមកចែករំលែកបទពិសោធ ស្តីពីម្ហូបអាហារកម្ពុជា-ចិន។

ព្រឹត្តិការណ៍ននេះរៀបចំឡើង ក្នុងគោលបំណងជំរុញផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជាឱ្យទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន ព្រមទាំងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ និងឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជាចិន២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ សំដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ៕

To Top