មណ្ឌលគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញ សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងអភិវឌ្ឍន៍ទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ក្នុងខេត្តមណ្ឌលគិរី ដើម្បីជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចដែលដឹកនាំបន្តពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្រ្តី ចំពោះវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ។
វិស័យធនធានទឹក និងឧតុនិយម បានចូលរួមចំណែកយ៉ាងសកម្ម លើគ្រប់វិស័យដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងកំពុងបន្តអនុវត្តនូវអាទិភាពគន្លឹះ ចំនួន៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ”មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរតេ ស្ថិនក្នុងស្រុកអូររាំង និងទំនប់លើនិងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្រប ខ័ណ្ឌឥណទាន មូលនិធិទ្រទ្រង់ថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះឆ្លើយតប តាមតម្រូវការ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាត ឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍ កសិកម្មខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដី ផលិតកម្មកសិកម្មចំនួន ១៥០០០ ហិកតា៕