ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអ៊ែល បញ្ជាក់ថា លោក Hashem Safieddine ប្រធានក្រុមប្រតិបត្តិការ របស់ក្រុមហេ បូឡាហ៍ ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារ តាមផ្លូវអាកាស នៅក្រុងបេរ៉ាត់ ប្រទេសលីបង់

AFP

យេរ៉ូសាឡឹម៖ កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់យ៉ាងដូច្នេះថា លោក Hashem Safieddine ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុមហេសបូឡាហ៍ ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ តាមផ្លូវអាកាសលើទីក្រុង បេរ៉ាត់កាលពី៣សប្តាហ៍មុន ។

យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Safieddine ត្រូវបានសម្លាប់នៅក្នុងការ ទម្លាក់គ្រាប់បែក ដែលធ្វើឡើងដោយយន្តហោះចម្បាំងអ៊ីស្រាអ៊ែល នៅឯជាយក្រុងភាគខាងត្បូង នៃទីក្រុង បេរ៉ាត់ ។ ការវាយប្រហារបានផ្តោតលើអគារ មួយកន្លែងនេះ បើយោងតាម អ៊ីស្រាអ៊ែល ដែលទីស្នាក់ការស៊ើបការណ៍ សម្ងាត់ក្រោមដីសំខាន់ របស់ក្រុមហេសបូឡាហ៍ ស្ថិតនៅទីនោះ ។

យោធាបានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេសបូឡាហ័ ប្រហែល២៥នាក់មានវត្តមាន នៅក្នុងអគារនៅក្នុងអំឡុង ពេលនៃការវាយប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ពី ថាតើ ពួកគេនៅរស់រានមានជីវិតនោះទេ ។

គេបានដឹងថា លោក Safieddine គឺជាបងប្អូនជីដូនមួយ របស់អតីតមេដឹកនាំហេបូឡាហ៍ លោក Hassan Nasrallah ។ បន្ទាប់ពីអ៊ីស្រាអ៊ែល បានធ្វើឃាត លោក Nasrallah នៅក្នុងខែកញ្ញា Safieddine ត្រូវបានគេសន្មត់ថា ជាអ្នកស្នងតំណែង ។

លោក Safieddine ក៏ជាសមាជិក នៃក្រុមប្រឹក្សា Shura ដែលជាស្ថាប័ន នយោបាយយោធាខ្ពស់បំផុត របស់ក្រុមហេបូឡាហ៍ ដែលទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងការកំណត់គោល នយោបាយរបស់ក្រុមនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top