ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។
លោករដ្ឋលេខាធិការលើកឡើងថា ពិព័រណ៍ការងារ និង ផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញ ពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងារ រហូតដល់ជាង ៣ម៉ឺន កន្លែង ផងដែរ។
លោករដ្ឋលេខាធិការបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។ សិស្សានុសិស្ស យុវជន យុវនារី សូមទៅសិក្សាស្វែងយល់ពីឱកាសការងារ និងស្រូបយកចំណេះដឹងពី ពិព័រណ៍ប្រចាំឆ្នាំដ៏សំខាន់មួយនេះ ។
លោករដ្ឋលេខាធិការបន្តថា យុវជន យុវជននារី សិស្ស និស្សិត និងសាធារណជន សូមទៅចូលរួមឱ្យបានច្រើនកុះករ ក្នុងនោះយុវជន នឹងអាចដាក់ប្រវត្តិរូបការងារ ហើយធ្វើការសម្ភាសន៍ភ្លាមៗពីសំណាក់ក្រុមហ៊ុនឯកជននៅ និងកន្លែងពិព័រណ៍ផ្ទាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា ការៀបចំពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៤ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព ក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែក ព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផង ដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារ ធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារ ធ្វើតាមប្រព័ន្ធអនឡាញ បានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕