ព័ត៌មានជាតិ

ARDB និងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចុះហត្ថលេខារួមគ្នា ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ របស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ មួយផលិតផលមួយ នៅថ្ងៃទី២៤ ខែតុលានេះ បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ ។

ពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ និងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួម ពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។

សម្រាប់បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះ មានគោល បំណងផ្តល់ កិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយ ផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ បណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះ ជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ក្នុងនាមជាធនាគារបម្រើគោល នយោបាយរបស់រាជរដ្ឋាភិបាល ធនាគារ (ARDB) បាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទាន ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកំពុងឆ្ពោះទៅរកទស្សនវិស័យ ប្រែក្លាយជាធនាគារមានចីរភាព (Sustainable bank) ដូច ដែលមានចែងក្នុងផែនទី ចង្អុលផ្លូវ១០ឆ្នាំ របស់ធនាគារផងដែរ។

ក្រោមអនុស្សារណៈយោគយល់គ្នានេះ ធនាគារ (ARDB)នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផល ដើម្បីសម្របសម្រួល ផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ។
ជាក់ស្តែងនៅក្នុង នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្លាយ ថាមពល និងប្រាកដនិយម របស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំង និងការប្រែប្រួលអាកាសធាតុ ដោយកំណត់ការធានា ចីរភាពបរិស្ថាន ការរៀបចំឆ្លើយតបការ ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាអទិភាពគន្លឹះ ក្នុងមុំទី៥នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ផងដែរ ៕

To Top