ភ្នំពេញ ៖ ក្នុងឱកាសធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច ថា «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់» ទាក់ទងនឹងសុខភាព។
លោកថា ក្នុងនោះក៏ត្រូវពង្រឹងភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកបដោយស្វ័យភាពសុខ ភាពកាន់តែទូលំទូលាយ ចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើង ប្រកបដោយនវានុវត្តន៍។
សាស្ត្រាចារ្យរដ្ឋមន្ត្រីបន្តថា ទំហំនៃកិច្ចការរួម ជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទើបក្នុងនាមក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់ , កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់ប្រកបដោយសមធម៌ , ប្រឈមមុខនឹងហានិភ័យសុខភាព ដោយរួមគ្នាផ្លាស់ប្តូរ ទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងសកលជាពិសេសការចាក់ថ្នាំបង្ការ ក្នុងស្ថានភាពអាសន្ន នៃជំងឺរាតត្បាត ដើម្បីស្ដារឡើងវិញ នូវសមភាពចំពោះមុខ , ការប្រឈមនឹងការរីករាលដាល នៃជំងឺមិនឆ្លងនាពេលបច្ចុប្បន្ន និងការរាតត្បាត នៃជំងឺឆ្លងនាពេលបច្ចុប្បន្ន និងអនាគត , ការពង្រឹងក្របខណ្ឌនិយ័តកម្មរឹងមាំជាងមុនប្រកបដោយភាពធន ដោយទទួលស្គាល់កាតព្វកិច្ចនៃសាមគ្គីភាព សមធម៌ ព្រមទាំងកំណត់ការទទួលខុសត្រូវ របស់មនុស្សគ្រប់រូប និងគោរពការប្តេជ្ញាចិត្ត ជាកត្តាគន្លឹះដែលនាំឲ្យសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ៕