បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល នៃប្រទេសម៉ាលី បាននិយាយប្រាប់ថា ការវាយប្រហារភេរវកម្មមួយ នៅក្នុងប្រទេស ម៉ាលី បានសម្លាប់ទាហានតិចបំផុត៥៣នាក់ និងជនស៊ីវិលម្នាក់។
នៅលើបណ្ដាញសង្គមធ្វីតធើ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក Yaya Sangare បានមានប្រសាសន៍ថា ការវាយប្រហារនៅប៉ុស្តិ៍យោធាមួយកន្លែងក្នុងទីក្រុង Indelimane ស្ថិតនៅភាគឦសានជិតព្រំដែនជាប់ប្រទេសនីហ្សេ បង្កឲ្យមានការ ខូចខាតសម្ភារៈធ្ងន់ធ្ងរ ហើយមានមនុស្សនៅមានជីវិតចំនួន១០នាក់។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន បានរាយការណ៍ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានក្រុមភេរវកម្មណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយ ប្រហារនេះនៅឡើយនោះទេ ប៉ុន្តែក្រុមបំបែកខ្លួន និងអ្នកបះបោរដែលមានទំនាក់ទំនង នឹងក្រុមអាល់កៃដា ជាញឹកញាប់បានផ្តោតគោលដៅវាយប្រហារប៉ុស្តិ៍យោធា ក្នុងប្រទេសនៅតំបន់អាហ្វ្រិកខាងលិចមួយនេះ៕
ប្រែសម្រួល៖ប៉ាង កុង