បេរូត៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានអំពាវនាវ ឱ្យមានដំណោះស្រាយការទូត ចំពោះជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល នៅពេលដែលលោកស្រី បានទៅដល់ទីក្រុងបេរូត នៃប្រទេសលីបង់។
ដោយព្រមានថាប្រទេសលីបង់ កំពុងឈានដល់ ដំណាក់កាលដួលរលំ លោកស្រី Baerbock បានឲ្យដឹងថា “ឥឡូវនេះ យើងត្រូវធ្វើការជាមួយដៃគូរបស់យើង នៅសហរដ្ឋអាមេរិក អឺរ៉ុប និងពិភពអារ៉ាប់ ដើម្បីស្វែងរកដំណោះស្រាយការទូត ដែលអាចសម្រេចបាន ដែលការពារ ផលប្រយោជន៍សន្តិសុខ ស្របច្បាប់ របស់ទាំងអ៊ីស្រាអែល និងលីបង់”។
រដ្ឋមន្ត្រីអាល្លឺម៉ង់ បានឲ្យដឹងថា “គន្លឹះនៃសន្តិភាពគឺការអនុវត្តពេញលេញ នៃដំណោះស្រាយ ១៧០១ របស់អង្គការ សហប្រជាជាតិ” នេះបើយោងតាមការចុំផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកស្រីបានជំរុញ ឱ្យគ្រប់ ភាគីពាក់ព័ន្ធក្នុងជម្លោះ ការពារកង រក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ដែលមានទីតាំង នៅ ក្នុងតំបន់ ព្រំដែនអ៊ីស្រាអែល-លីបង់ ។ ដោយលោកស្រីបានថ្លែងថា “ការវាយប្រហារដោយចេតនាលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ គឺរំលោភច្បាប់ មនុស្សធម៌អន្តរជាតិ”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកស្រី Baerbock ក៏បានជួបជាមួយប្រធានសភាលីបង់ Nabih Berri និងមន្ត្រីលីបង់ផ្សេងទៀតក្នុងអំឡុង ពេលធ្វើដំណើររបស់លោកស្រី ៕
ប្រែសម្រួល ឈូក បូរ៉ា